ជាការពិតណាស់ មនុស្សជាច្រើន ជាពិសេសសុភាពនារីទាំងឡាយក្នុងពេលបច្ចុប្បន្នមានការបារម្ភ និងមានបញ្ហាប្រឈមជាច្រើនជាមួយនឹងការឡើងទម្ងន់។ មនុស្សមួយចំនួនបានព្យាយាមប្រើប្រាស់វិធីសាស្ដ្រជាច្រើន ដើម្បីគ្រប់គ្រង និងបញ្ចុះទម្ងន់របស់ខ្លួនឱ្យបានត្រឹមត្រូវ តែបែរជាមិនមានប្រសិទ្ធភាពទៅវិញ។ ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងទេថា សកម្មភាពពេលយប់មួយចំនួនរបស់អ្នក បានធ្វើឱ្យអ្នកឡើងទម្ងន់ដោយមិនបានដឹងខ្លួន។
ខាងក្រោមនេះជាទម្លាប់អាក្រក់ ដែលធ្វើឱ្យអ្នកមិនអាចបញ្ចុះទម្ងន់បាន ហើយថែមទាំងអាចឡើងទម្ងន់ខ្លាំងទៀតផង ៖
១.គេងមិនគ្រប់គ្រាន់
ការដែលអ្នកមិនបានគេងឱ្យបានគ្រប់គ្រាន់ នឹងធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកធ្វើការយឺត ហើយថែមទាំងធ្វើឱ្យអ្នកឃ្លានខ្លាំង ខុសពីធម្មតាថែមទៀតផង។ ហើយពេលដែលអ្នកអត់ងងុយ អស់កម្លាំង អ្នកនឹងគ្មានអារម្មណ៍ក្នុងការធ្វើលំហាត់ប្រាណផ្សេងៗ។ យកល្អគួរតែគេងយ៉ាងហោចណាស់ឱ្យបាន ៨ម៉ោងក្នុងមួយថ្ងៃទើបជាការប្រសើរ។

២.បរិភោគអាហារនៅពេលយប់ច្រើនពេក
ការទទួលទានអាហារនៅពេលយប់ច្រើន ឬក៏ឆ្អែតខ្លាំងពេកនឹងធ្វើឱ្យប្រព័ន្ធរំលាយអាហារ ធ្វើការយឺតក្នុងកំឡុងអ្នកកំពុងគេង ជាពិសេសពេលដែលអ្នកទទួលទានអាហារបណ្តើរមើលកម្មវិធិទូរទស្សន៍ ឬលេងឧបករណ៍អាឡិចត្រូនិចដូចជា ទូរស័ព្ទ កំព្យូទ័រ ថេបប្លែតផ្សេងៗជាដើម នោះនឹងធ្វើឱ្យអ្នកបរិភោគអាហារ បានកាន់តែច្រើនដោយមិនដឹងខ្លួន។ ដូច្នេះនៅពេលយប់មុនចូលដំណេក អ្នកគួរបរិភោគចំណីអាហារណាដែលមានប្រយោជន៍ និងមានជាតិប្រូតេអ៊ីនចំពោះរាងកាយនិងសុខភាពដូចជាបន្លែ ផ្លែឈើជាដើម។

៣. ទទួលទានដំណេកភ្លាមៗបន្ទាប់ពីបរិភោគអាហារពេលយប់រួច
ពេលដែលអ្នកចូលគេងបន្ទាប់ពីបរិភោគហើយភ្លាមៗ វានឹងធ្វើឱ្យប៉ះពាល់ហើយមានបញ្ហាដល់ប្រព័ន្ធរំលាយអាហារ ថែមទាំងអាចកកជាតិខ្លាញ់ មិនល្អក្នុងក្រពះពោះវៀន ថែមទៀតផង។ អ្នកគួរតែបរិភោគអាហារពេលយប់ មុនពេលចូលគេងយ៉ាងហោចណាស់ក៏ ២ម៉ោងដែរ។

៤. បរិភោគអាហារ ចៀន និង បំពង
អាហារពេលយប់ដែលមានជាតិខ្លាញ់ និងបំពងមិនមែនជាអាហារដែលសមស្របសម្រាប់អ្នកទេ។ អ្នកគួរចៀសវាងកុំបរិភោគអាហារទាំងនោះ ព្រោះវាមានកម្រិតជាតិខ្លាញ់ខ្ពស់ និងមានកាឡូរីច្រើន ដែលធ្វើឱ្យក្រពះពិបាករំលាយអាហារ ហើយវាថែមទាំងរំខានដំណេករបស់អ្នក ដូចជាការគេងមិនលក់ជាដើម។ ជាការប្រសើរបំផុត បើសិនជាអ្នកប្តូរមកជាអាហារដែល ចំហុយ អាំង និងដុតជំនួសវិញ។

៥.អាហារដែលមានជាតិហឹរ
ការបរិភោគអាហារដែលមានជាតិហឹរ នឹងធ្វើឱ្យក្រពះពោះវៀនរបស់អ្នកក្តៅក្រហល់ក្រហាយ និងអាចបណ្តាលឱ្យអ្នកគេងមិនលក់ថែមទៀតផង ជាពិសេសនោះនឹងធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកចុះខ្សោយ។ ការបរិភោគអាហារ ដែលមានជាតិហឹរនៅពេលថ្ងៃអាចជួយឱ្យប្រព័ន្ធរំលាយអាហារ ដំណើរការដុតបំផ្លាញចំណីអាហារបានលឿន តែមិនមែនជាការបរិភោគអាហារនៅពេលយប់នោះទេ។

៦.បរិភោគគ្រាប់ធញ្ញជាតិ ឬអាហារដែលមានជាតិកាបូអ៊ីដ្រាត
ការបរិភោគអាហារនៅពេលយប់ដែលផ្សំពីគ្រាប់ធញ្ញជាតិ ឬអាហារដែលធ្វើឡើងពី ជាតិម្សៅ ដូចជានំប៉័ងជាដើម នឹងផ្តល់ថាមពលជាច្រើន នៅពេលដែលអ្នកកំពុងតែគេង។ ហើយអាហារដែលសម្បូរជាតិស្ករអស់ទាំងនេះហើយ ធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកធ្វើការមិនបានល្អថែមទៀតផង។ យកល្អការបរិភោគផ្លែឈើស្រស់ៗដែលមានជាតិប្រូតេអ៊ីន ខ្ពស់ទើបជាការប្រសើរ។

៧. ចូលចិត្តបរិភោគបង្អែមនៅពេលយប់
បង្អែមភាគច្រើនមានការផ្សំគ្រឿងពីម្សៅ និងស្ករ ហើយសារជាតិទាំងអស់នោះនឹងធ្វើឱ្យរាងកាយរបស់អ្នក ពិបាកដុតបំផ្លាញកាឡូរី នៅពេលយប់ដែលអ្នកចូលដំណេក។ បើសិនជាអ្នកមិនអាចខ្វះបង្អែមទាំងនោះបាន អ្នកអាចដាក់ផ្លែឈើស្រស់ផ្សំគ្រឿងបន្ថែមទើបជាការល្អ។

៨.អាហារញ៉ាំលេង ក្រោយបរិភោគអាហារពេលយប់រួច
ការដែលអ្នកមានចំណីអាហារញ៉ាំលេងបន្ថែមទៀត ក្រោយបរិភោគអាហារពេលយប់ វានឹងធ្វើឱ្យកើនជាតិកាឡូរីបន្ថែមទៀត ហើយវានឹងផ្តល់ថាមពលដល់រាងកាយដែលមិនអាចធ្វើឱ្យអ្នកគេងលក់ស្កប់ស្កល់ នៅពេលយប់។ ប៉ុន្តែក្នុងករណីអ្នកមិនអាចអត់អាហារទាំងនោះបាន អ្នកអាចបន្ថយជាតិកាឡូរីត្រឹមតែ ២០០ ឬរកចំណីញ៉ាំលេងណាដែលមានសារធាតុចិញ្ចឹមល្អចំពោះរាងកាយ និងសុខភាព។

៩.តមមិនបរិភោគអាហារពេលល្ងាច
ការដែលអ្នកព្យាយាមមិនបរិភោគអាហារពេលល្ងាច ដើម្បីបញ្ចុះទម្ងន់នោះ វាមិនមែនជាជម្រើសដែលល្អនោះឡើយ។ ពេលដែលអ្នកមិនបានបរិភោគអាហារអ្វីសោះ នោះ វានឹងធ្វើឱ្យអ្នកមានចំណង់ ក្នុងការញ៉ាំអាហារនៅពេលបន្ទាប់ ហើយវាថែមទាំងធ្វើឱ្យអ្នកមានបញ្ហាថប់អារម្មណ៍ បាត់បង់ជាលិកាសាច់ដុំ និងធ្វើឱ្យស្បែករបស់អ្នកប្រែជាយារធ្លាក់ថែមទៀតផង។ តែបើសិនជាអ្នកមានការរវល់ ឬចង់ធ្វើការបញ្ចុះទម្ងន់ឱ្យបានត្រឹមត្រូវ អ្នកអាចយកបន្លែ ឬផ្លែឈើស្រស់ៗជាអាហារពេលយប់ជំនួសបាន។

១០. ផឹកកាហ្វេ ឬភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន
ការដែលអ្នកបរិភោគភេសជ្ជៈ ដែលមានជាតិកាហ្វេអ៊ីន នឹងធ្វើឱ្យអ្នកគេងមិនលក់នៅពេលយប់ ហើយធ្វើឱ្យឡើងកូឡេសធើរ៉លខ្ពស់ផងដែរ។ យកល្អអ្នកគួរតែបរិភោគទឹកដោះគោក្តៅៗ ឬទឹកផ្លែឈើក្រឡុកស្រស់ៗជំនួសវិញ។

១១.ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច មុនពេលចូលគេង
ពន្លឺភ្លើងពណ៌ខៀវ និងជាតិវិទ្យុសកម្ម ដែលចេញពីឧបករណ៍អេឡិចត្រូនិច ដូចជា ទូរស័ព្ទ កំព្យូទ័រ ជាដើមធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកជាខ្លាំង។ អ្នកត្រូវបិទឧបករណ៍ទាំងនោះយ៉ាងហោច មួយម៉ោងមុនពេលចូលគេង ហើយជ្រើសយកការអានសៀវភៅ និងស្តាប់ចម្រៀងជំនួសវិញទើបជាការល្អ។

១២.ចូលគេងយប់ជ្រៅ
ការដែលអ្នកទទួលទានដំណេកយប់ជ្រៅពេក នឹងធ្វើឱ្យជាតិខ្លាញ់ឡើងខ្ពស់ និងប្រព័ន្ធរំលាយអាហារ មិនអាចធ្វើការដុតបំផ្លាញឱ្យបានត្រឹមត្រូវនោះទេ ហើយថែមទាំងធ្វើឱ្យអ្នកឆាប់ឃ្លាន ឬបរិភោគអាហារច្រើនខុសពីធម្មតា នៅពេលក្រោកឡើងពេលព្រឹកផងដែរ។ ការចូលគេងភ្លេមៗនៅពេលដែលអ្នកងងុយ និងធ្វើលំហាត់ប្រាណងាយៗខ្លះៗ នឹងធ្វើឱ្យអ្នកមានសុខភាពល្អ និងគេងលក់ស្រួល៕

Post a Comment