loading...

អបអរ​សាទរ! លោក​គ្រូ-អ្នក​គ្រូ​ និង​មន្ត្រីរាជការ​ស្ទើរ​គ្រប់​ក្រសួង​ នឹង​ទទួល​បាន​ការ​ថែ​ទាំ​សុខភាព​ឥត​គិត​ថ្លៃ

លោក​គ្រូ-អ្នក​គ្រូ និង​មន្ត្រីរាជការ​ស្ទើរ​គ្រប់​ក្រសួង​នឹង​ទទួល​បាន​ការ​ថែ​ទាំ​សុខភាព ដោយ​ឥតគិតថ្លៃ​ និង​​​គ្រោះថ្នាក់​ការងារ​​​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ នេះ​បើតាម​លោក​ ជាវ ប៊ុន​ រិទ្ធិ អ្នក​នាំ​ពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ សង្គម​​​។
បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ហៅ​កាត់​ថា (បបស) គឺជា​​គ្រឹះស្ថាន​សាធារណៈ​រដ្ឋបាល​ មាន​បេសកកម្ម​បម្រើ ឱ្យ​វិស័យ​សន្តិសុខ​សង្គម ដែល​បច្ចុប្បន្ន​​កំពុង​ដាក់​ឱ្យ​ដំណើរការ​របប​ធានា​រ៉ាប់​រង​ហានិភ័យ​ការងារ និង​របប​សន្តិសុខ​សង្គម​ផ្នែក​​ថែទាំ​សុខភាព សម្រាប់​កម្មករ​-កម្មការិនី​។
លោក​ ជាវ ប៊ុនរិទ្ធិ បាន​បន្ថែម​​ថា បច្ចុប្បន្ន​នេះ​រាជរដ្ឋាភិបាល​បាន​ប្រគល់​ភារកិច្ច​ដល់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ដើម្បី​រៀបចំ​របប​សន្តិសុខ​សង្គម​សម្រាប់​មន្រ្តី​សាធារណៈ។​

​​​​​លោក​ ជាវ ប៊ុនរិទ្ធិ

របប​សន្តិសុខ​សង្គម​សម្រាប់​មន្រ្តី​សាធារណៈ​នេះ​មាន​បីដូច​កម្មករ​និយោជិក​ក្នុង​វិស័យឯកជន​ដែរ​​
ទី​១ គឺ​គ្រោះថ្នាក់​ការងារ​
ទី២ ថែទាំសុខភាព​
ទី៣ សោធននិវត្តន៍​។
ដោយ​ឡែក​សម្រាប់​សោធន​និវត្តន៍​ មន្រ្តី​សាធារណៈ​បាន​ទទួល​ហើយ។ ប៉ុន្តែ​របប​គ្រោះ​ថ្នាក់​ការងារ​ និង​របប​ថែទាំ​សុខភាព​​មន្ត្រី​សាធារណៈ​ទទួល​បាន​ដែរ តែ​មិន​ពេញ​លេញ​។ មិន​ពេញ​លេញ​មានន័យ​ថា នៅ​ពេល​ដែល​​មន្រ្តី​សាធារណៈ​គ្រោះថ្នាក់​នៅ​​នឹង​កន្លែង​ធ្វើ​ការ​ គ្រោះថ្នាក់​នៅ​ពេល​បំពេញ​បេសកកម្ម​តាម​ខេត្ត និង​មាន​ជំងឺ​វិជ្ជាជីវៈ ​ពេល​ចូល​ទៅ​មន្ទីរពេទ្យ​ត្រូវ​បង់​លុយខ្លួន​ឯង​សិន បន្ទាប់​មក​យក​វិក្កយបត្រ​នោះ​ ដើម្បី​​សុំ ទូទាត់​ថវិកា​ពី​អង្គភាព​វិញ​។
មន្រ្តី​សាធារណៈ​ដែល​នឹង​ទទួល​បាន​ពី​របប​នេះ៖
ទី១, សំដៅ​លើ​មន្ត្រីរាជការ ដែល​បាន​នឹង​កំពុង​បំពេញ​​ការងារ​នៅ​ក្នុង​ក្រសួង​ និង​ស្ថាប័នរដ្ឋ​​ ទាំង​រដ្ឋបាល​ថ្នាក់​ជាតិ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​
ទី​២, គឺ​មន្ត្រីរាជការ​បម្រើ​ការងារ​​នៅ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ក៏ដូចជា​មន្រ្តីជាប់​កិច្ច​សន្យា ហើយ​មន្រ្តី​សាធារណៈ​នេះ​បូករួម​ទាំង​មន្រ្តី​នយោបាយ ​ដែល​ជា​មន្រ្តី​មាន​អាណត្តិ​ ឧទាហរណ៍​ដូចជា​មន្រ្តីក្រុម​ប្រឹក្សា​ឃុំ​ ក្រុម​ប្រឹក្សា​ស្រុក​ ខណ្ឌ​ក្រុង ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត​ ​ប្រធាន​ភូមិ​ អនុភូមិ និង​សមាជិកភូមិ ហើយ​បូករួម​ទាំង​តំណាងរាស្ត្រ​ផង​ បើ​សិនខាង​រដ្ឋសភា​​បញ្ចូល​មក​។ ​មន្រ្តី​នគរបាល​ជាតិ​ លើ​ក​លែង​តែ​មន្រ្តី​ស្ថិត​នៅ​​ក្នុង​កង​យោធពលខេមរភូមិន្ទ​មានន័យ​ថា ក្របខ័ណ្ឌ​ក្រសួង​ការពារ​ជាតិ​។ ដោយ​សារ​ខាង​ក្របខ័ណ្ឌ​វិស័យ​ការ​ពារ​ជាតិ​​ត្រូវ​បាន​កំណត់​ដោយ​អនុក្រឹត្យ​ដោយ​ឡែក​។
លោក​​ ជាវ ប៊ុនរិទ្ធិ​ ឱ្យ​ដឹង​បន្ថែម​ថា ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ឡាយ​ព្រះហស្តលេខា​ទៅ​លើ​ព្រះរាជ្យក្រឹត្យ​ស្ដីពី​ការ​បង្កើត​របប​សន្តិសុខ សង្គម​​ ផ្នែក​ហានិភ័យ​ការងារ​ និង​ផ្នែ​ក​ថែទាំ​សុខភាព​ សម្រាប់​មន្រ្តី​សាធារណៈ​ រួម​ទៅ​នឹង​អតីត​មន្រ្តីរាជការ និង​អតីយុទ្ធជន​រួចហើយ​​។
អតីត​មន្ត្រីរាជការ​ សំដៅ​ទៅលើ​មន្ត្រី​ចូលនិវត្តន៍​ និង​អតីតយុទ្ធ​ជន​​។ បេឡាជាតិ​របប​សន្តិសុខ​សង្គម​​កំពុង​ប្រជុំ​ក្រុម​មន្រ្តី​បច្ចេកទេស​​មក​ពី​អន្តរក្រសួង​ បន្ទាប់​មក​ដាក់​ចូល​​​ក្នុង​កិច្ច​ប្រជុំ​ពេញ​​អង្គ​គណៈ​រដ្ឋមន្ត្រី ដើម្បី​ធ្វើ​ការ​អនុម័ត​នៅ​ដើមខែ​ សីហា នេះ។
“អញ្ចឹង​នៅ​ពេល​​សម្ដេច​លោក​ចុះ​ហត្ថលេខា​ហើយ​ យើង​នឹង​រៀបចំ​ដាក់​ឱ្យ​ដំណើរការ​​នូវ​របប​ហានិភ័យ​ការងារ​ និង​របប​ថែទាំ​សុខភាព​​សម្រាប់​មន្រ្តី​សាធារណៈ​ នៅ​ពេល​​ដែល​របប​ទាំង​ពីរ​នេះ​ដើ​រ​ បងប្អូន​មន្ត្រីរាជការ​យើង​គាត់​អាច​ទៅ​ទទួល​សេវា​ថែទាំ​សុខភា​ព​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ការ​ចំណាយ គឺជា​បន្ទុក​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ ហើយ​រដ្ឋ​ជា​អ្នក​ទទួល​បន្ទុក​ចេញ​លុយ​ហ្នឹង ការ​បង់​វិភាគ​ទាន​ គឺរដ្ឋ​ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​​ជា​អ្នក​បង់​លុយ​​ផ្នែក​គ្រោះថ្នាក់​ការងារ និង​ថែទាំ​សុខភាព”។ចំពោះ​អតីត​មន្ត្រីរាជការ និង​អតីត​យុទ្ធជន​ក៏​ដូច​គ្នា​ដែរ គឺ​រដ្ឋ​ជាអ្នក​បង់​ឱ្យ​។ នេះ​គឺជា​ដំណឹង​រីករាយ​មួយ​ដែល​គ្រប់​គ្នា​តែង​ទទូច​ចង់បាន​ ជាពិសេស​អតីត​មន្រ្តីរាជការ។
ថ្លែង​ក្នុង​ពិធី​សម្ពោធ ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ «ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ គាំពារ​សង្គម ឆ្នាំ ២០១៦-២០២៥ » កាលពីថ្ងៃទី២៤ ខែ​កក្កដា ឆ្នាំ២០១៧ កន្លងមក​នេះ ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ក៏​បាន​លើក​ឡើង​ជុំវិញ​បញ្ហា​ខាង​លើ​ផងដែរ។ បន្ថែម​លើ​នេះ​សម្តេច​បាន​ស្នើ​សុំ​ឱ្យ​​ខាង​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ចូល​ក្នុង​ក្រប​ខណ្ឌ​គោល​ នយោបាយ​ជាតិ ដើម្បី​ការធានា​រ៉ាប់​រង​ផ្នែក​សុ​ខភាព ​និង​គ្រោះ​ថ្នាក់​ផ្សេ​ងៗ ​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​។​
នេះ​ជា​ក្របខ័ណ្ឌ​គោល​នយោបាយ​ជាតិ​គាំពារ​សង្គម​ ២០១៦​-​២០២៥​ ​ជា​ផែន​ទី​បង្ហាញ​ផ្លូវ​រយៈពេល​វែង ​ដើម្បី​ក​សាង​ប្រព័ន្ធ​គាំពារ​សង្គម​មួយ ដែល​មាន​ប្រសិទ្ធភាព​បម្រើ​គោល​នយោបាយ​​កាត់​បន្ថយ​ភាព​ក្រីក្រ ​និង​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​ផ្នែក​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ​របស់​ប្រជាជន​ សំដៅ​លើក​កម្ពស់​សុខុមាល​ភាព​។​
សម្ដេច​តេជោ ​ហ៊ុន សែន ​ក៏​ស្នើ​ឱ្យ​ក្រុម​ប្រឹក្សា​ជាតិ​គាំ​ពារ​សង្គម​ត្រូវ​ធ្វើ​ការងារ​នេះ​ឱ្យ​បា​ន​ល្អ​ដើម្បី​ជំរុញ​ឱ្យ​ការ​អនុវត្ត​មាន​ប្រសិទ្ធភាព ​ស្រប​តាម​គោល​ដៅ ​ដែល​បាន​ដាក់​ចេញ​នៅ​ក្នុង​ឯកសារ​ ក្របខ័ណ្ឌ​គោល​នយោបាយ​ជាតិ​គាំ​ពារ​សង្គម​៕

Post a Comment

[facebook][blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.